ទទួលទានមីស្រុះច្រើនពេក អាចបណ្ដាលឲ្យស្លាប់បាន
ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងពីការព្រមានផ្សេងៗរួចមកហើយ ចំពោះការទទួលទានមីកញ្ចប់ ឬមីកំប៉ុងច្រើន ខណៈអ្នកខ្លះចូលចិត្តទទួលទានវា ដោយសារតែវាមានរសជាតិឈ្ងុយឆ្ងាញ់ និងខ្លះទៀតចូលចិត្តវា ដោយសារតែវាងាយស្រួលក្នុងការចម្អិន ជាដើម ប៉ុន្តែអ្នកប្រាកដជាមិនចូលចិត្ត នូវអ្វីដែលវាបង្កចំពោះសុខភាពអ្នកឡើយ។
ការសិក្សាផ្លូវការថ្មីមួយបានចេញផ្សាយថា ការទទួលទានមីកញ្ចប់ច្រើនពេក មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ តែវាក៏អាចបណ្ដាលឲ្យកើតមានបញ្ហាធ្ងន់ធ្ងរមួយចំនួន រហូតអាចនាំឲ្យអ្នកស្លាប់មុនអាយុទៀតផង។ ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Baylor University និង Harvard University បានធ្វើការព្រមានយ៉ាងខ្លាំង ទៅដល់អ្នកនិយមទទួលទានមីកញ្ចប់ រាប់លាននាក់នៅជុំវិញពិភពលោក។
ការសិក្សាថ្មីនេះត្រូវបានចេញផ្សាយនៅលើទស្សនាវដ្ដី «Journal of Nutrition» ដែលជាលទ្ធផលនៃការសិក្សា ដោយវិភាគលើរបបអាហារ និងសុខភាព របស់ប្រជាជនកូរ៉េខាងត្បូងចំនួន ១១,០០០នាក់ ដែលមានអាយុចន្លោះពី ១៩ ដល់ ៦៤ឆ្នាំ។ មូលហេតុដែលប្រជាជនកូរ៉េខាងត្បូង គឺជាប្រធានបទនៃការសិក្សានេះគឺសាមញ្ញបំផុត ដោយសារតែនៅក្នុងឆ្នាំ២០១៥ ពួកគេបានទទួលទានមីកញ្ចប់ជាមធ្យម ៧៦កញ្ចប់ក្នុងមួយឆ្នាំ ឬស្មើនឹង មួយកញ្ចប់ក្នុងរយៈពេល៥ថ្ងៃ ដែលវាគឺជាចំនួនច្រើនបំផុតនៅលើពិភពលោក។
ជាអកុសល ផលប៉ះពាល់នៃការទទួលទានមីកញ្ចប់នេះ បានបង្ហាញយ៉ាងជាក់ស្ដែងឲ្យឃើញតែម្ដង។ ស្ត្រីជាច្រើននាក់នៅក្នុងការសិក្សានេះ គឺជួបហានិភ័យនៃជំងឺមេតាបូលីស (Metabolic Syndrome) ដែលជាបណ្ដុំនៃអាការៈដូចជា សម្ពាធឈាមឡើងខ្ពស់ ជាតិស្ករក្នុងឈាមឡើងខ្ពស់ លើសជាតិខ្លាញ់ត្រង់ចង្កេះ និងកម្រិតកូឡេស្តេរ៉ុលខុសធម្មតា។ ជាការពិតណាស់ អាការៈទាំងអស់នេះ គឺអាចបណ្ដាលឲ្យកើតមានជំងឺជាច្រើន ដូចជា ទឹកនោមផ្អែម គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ជាដើម។
ចំណែកឯបុរសៗនៅក្នុងការសិក្សានេះវិញ ក្រុមអ្នកសិក្សាស្រាវជ្រាវរកមិនឃើញ ការកើតមានជំងឺមេតាបូលីសខ្លាំងជាងនេះឡើយ ហើយពួកគេបានសន្មតថា វាបណ្ដាលមកពីភាពខុសគ្នានៃជីវសាស្ត្ររវាងបុរស និងស្ត្រី។
ងាកទៅមើលប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១២ សារធាតុបង្កឲ្យកើតមានជំងឺមហារីក មានឈ្មោះថា «Benzopyrene» ត្រូវបានគេរកឃើញ នៅក្នុងផលិតផលមីកញ្ចប់ ចំនួន៦ម៉ាកខុសៗគ្នា ដែលផលិតដោយក្រុមហ៊ុនមីកញ្ចប់ និងចំណីអាហារធំបំផុត ក្នុងប្រទេសកូរ៉េខាងត្បូង មានឈ្មោះថា «Nongshim»។ ដោយសារតែមូលហេតុនេះហើយ ទើបផលិតផលរបស់ក្រុមហ៊ុនមួយនេះ ត្រូវបានប្រមូលយកមកវិញ នៅទូទាំងពិភពលោកតែម្ដង៕
Leave a Comment