បង​ព្រម​ចុះចាញ់​បេះដូង​អូន​ហើយ

សន្ធឹក​ភ្លៀង​ធ្លាក់​រ៉ាវ​ៗ​តាំង​ពី​ព្រឹក!«យី! ភ្លៀង​អី​ភ្លៀង​យ៉ាង​នេះ​តាំង​ពី​ព្រលឹម​ម៉ង​ហើយ?!» សំឡេង​​​ពី​ក្នុង​បន្ទប់ ដោយ​មាន​បុរស​ចំណាស់​ម្នាក់​អើត​មើល​ភ្លៀង​តាម​បង្អួច។ គាត់​មាន​ឈ្មោះ​ថា ”រតន​វិមាន” ដែល​ជា​អ្នក​ខ្ពង់ខ្ពស់​នៅ​ស្រុក​មួយ​នៅ​ត្បូងឃ្មុំ។
«ធា​អ្ហា៎! ព្រឹក​នេះ មាន​អី​​ញ៉ាំ​ខ្លះ​លើក​មក! ខ្ញុំ​ប្រញាប់​ទៅ​ធ្វើការ​​​ផង!» សំឡេង​លោក​រតន​​វិមាន​និយាយ​ដោយ​ខោអាវ​រៀបរយ និង​កំពុង​ចុះ​ពី​ជណ្ដើរ។ ​ភ្លាម​នោះ គេ​ក៏​ឮ​សំឡេង​មីង​ធា​ដែល​កំពុង​លើក​ម្ហូប​មក​តប៖
«ចា៎​លោក​ប្រុស! មក​ដល់​ហើយ! នេះ​ជា​អាហារ​ដែល​លោក​ប្រុស​ចូលចិត្ត! ខ្ញុំ​ខំ​ធ្វើ​ជា​ពិសេស​សម្រាប់​លោក​ចា៎!»
«​​អរគុណ!!» លោក​និយាយ​ងាក​ទៅ​រក​អ្នក​បម្រើ​ម្នាក់​ទៀត៖
«និយាយ​អ៊ីចឹង​សាប់! ហើយ​កូន​សំណព្វ​របស់​យើង​ទៅ​ណា​អស់​ហើយ? ម៉េច​មិន​ឃើញ​មក​ញ៉ាំ​បាយ​ជាមួយ​សោះ​អ៊ីចឹង?»
«អឺ…​បាទ! គោរព​ទាន​ម្ចាស់ កូន​សំណព្វ​ណា​ទៅ?» សាប់​និយាយ​ដូច​មមើ។

លោក​វិមាន​តប​ដោយ​ហួស​ចិត្ត៖
«យី! ចេះ​ឆ្ងល់​ទៅ​កើត? មល្លិកា និង​សុ​មេត្តា​ហ្នឹង​ហើយ! ចេះ​សួរ​ទៅ​កើត​ បាន​អញ​វ៉ៃ​ឥឡូវ​ហ្នឹង​ហើយ!»
«នេះ​មក​ពី​លោក​ម្ចាស់​មាន​កូន​សំណព្វ​ច្រើន​ពេក​ហ្នឹង​ណា!» សាប់​និយាយ​ខ្សឹប​ៗ។
«នៅ​ទី​នេះ​ហើយ​លោក​ប៉ា!» សំឡេង​ស្រួយស្រែស​​​​បន្លឺ​ចេញ​ពី​ក្នុង​ផ្ទះ​មក។ ​គឺ​យុវតី​មល្លិកា​ដែល​មាន​វ័យ​១៨​ឆ្នាំ​ សាច់​មុខ​ម៉ត់​ខ្ចី​រលោង សម​នឹង​បបូរ​មាត់​ពណ៌​កុលាប ជាមួយ​សក់​ខ្មៅ​ក្រឹប​រលោង​​​ប្រះ​ស្មា ចង​បូ​ពណ៌​ស រោម​ភ្នែក​ក្រាស់​ង​ច្រាង​សម​នឹង​កែវភ្នែក​ធំ​ៗ​ខ្មៅ​និល។ ​នាង​ស្លៀក​សំពត់​១០០​ភ្លី​ពណ៌​ខ្មៅ​ ជាមួយ​អាវ​ប៉ោង​ស្មា​ របៀប​ម៉ូត​ថៃ​ស័ក្ដិសម​នឹង​នារី អាច​ថា​សម័យ​បន្តិច ចាស់​បុរាណ​បន្តិច​សម​ឥត​ទាស់។
«លោក​ប៉ា! ថ្ងៃ​នេះ​កូន​ស្អាត​ទេ?!» នាង​ដើរ​មក​ជិត ហើយ​បង្វិល​ខ្លួន​ឱ្យ​លោក​ប៉ា​មើល។
​សាប់​និយាយ​ទាំង​ភ្លឹក​បែប​ឆ្កួត​ៗ​លង់​ស្នេហ៍៖
«ស្អាត​ណាស់​អ្នក​នាង​​! Cute​ គួរ​ឱ្យ​ស្រឡាញ់​តែ​ម្តង​ហើយ លង់​ស្នេហ៍​អ្នក​នាង​តូច​ហើយ​ខ្ញុំ​!»
លោក​វិមាន​ឮ​ហើយ និយាយ​ទាំង​សម្លុត៖
«អា​សាប់!»
«បាទ!» សាប់​ឆ្លើយ​ទាំង​ភ្ញាក់ ហើយ​យក​ដៃ​ខ្ទប់​មាត់ រួច​និយាយ​ខ្សឹប​ម្នាក់​ឯង៖ «ចុះ​បើ​ស្អាត​មែន​ហ្នឹង​ទាន​ម្ចាស់!»
មាណវីឮ​សើច​ដាក់​សាប់ ចំណែក​មីង​ធា​វ៉ៃ​សាប់ ហើយ​ស្រដី៖
«ថា​កុំ​ឱ្យ​និយាយ!»
លោក​វិមាន​បន្ត​ទៅ​កូន​ស្រី៖
«កា​កូន! ថ្ងៃ​នេះ​ប្រញាប់​​បន្តិច​ទៅ! មក​ញ៉ាំ​បាយ​ជាមួយ​ប៉ា​ឱ្យ​លឿន ហួស​ម៉ោង​ហួស​វេលា​ឥឡូវ​ហើយ នឹង​អាល​បាន​ទៅ​រៀន​សូត្រ​អី​នឹង​គេ!»
មល្លិកា​តប៖
«ចាស៎! ព្រឹក​នេះ​កា​មិន​ញ៉ាំ​ទេ​លោក​ប៉ា តែ​លោក​ប៉ា​កុំ​ព្រួយ​រឿង​ទៅ​រៀន​នោះ មិន​ស្រួល​ថ្ងៃ​នេះ​មេឃ​ភ្លៀង​ទាំង​ព្រលឹម​អ៊ីចឹង កូន​អាច​ទាយ​បាន​ណា​ថា មិន​សូវ​មាន​អ្នក​មក​រៀន​ទេ ព្រោះ​រវល់​បេះ​ដី​ស្អិត​ពី​កង់​នោះ​អី​​​! ​កូន​ទៅ​រៀន​សិន​ហើយ​ណា​លោក​ប៉ា! កូន​ជម្រាប​លា!» និយាយ​រួច នាង​ដើរ​ចេញ​ទៅ​ទាំង​ទឹក​មុខ​ញញឹម ដូច​វង់​ចន្ទ្រា​ដាក់​បិតា។
លោក​រតន​វិមាន​មាន​អាយុ​ជិត​៦០​ឆ្នាំ​ហើយ គាត់​តាម​សម្លឹង​កូន​គាត់​ដោយ​ក្តី​ស្រឡាញ់។ គាត់​និយាយ​ទាំង​គ្នាន់ក្នាញ់​ហួសចិត្ត៖
«យី! ​កូន​នេះ! ឱ្យ​ទៅ​រៀន​យូរ​ៗ ចេះ​ទាំង​ទាយ​ទៀត​! អ៊ីចឹង​ត្រូវ​ឱ្យ​វា​ទៅ​កាន់​កំប៉ុង​ជើង​ធូប​ហើយ​! ហឺស…ហឺស!» គាត់​សើច​រលាក់​ស្រួល។
«អឺ! អង្គុយ​យូរ​ហើយ​ដូច​មិន​ឃើញ​មេត្តា! វា​ទៅ​ណា​បាត់​ហើយ មិន​ឃើញ​សោះ​អ៊ីចឹង​ធា?»
«ចា៎! អ្នក​ប្រុស​គាត់​ចេញ​ពី​ផ្ទះ​តាំង​ពី​មិន​ទាន់​ភ្លៀង​មក​ម្ល៉េះ មិន​ដឹង​ទៅ​ណា​ទេ​ចា៎!»
«ហ៊ឺ…អា​កូន​មួយ​ហ្នឹង វា​ធ្វើ​ចរិត​ប្លែក​ៗ​ដល់​ហើយ មិន​ដឹង​ជា​យ៉ាង​ម៉េច​ ប៉ុន្មាន​ឆ្នាំ​ហ្នឹង​តាំង​ពី​បញ្ចប់ Master​ នៅ​អាមេរិក​មក! ណ្ហើយ ​យើង​ទៅ​ធ្វើការ​សិន​ហើយ! តោះ​សាប់!»
​លោក​និយាយ​ហើយ​ដើរ​ទៅ​ឡាន​ដែល​ឈប់​នៅ​ចាំ​មុខ​ផ្ទះ។
មួយ​សន្ទុះ​ក្រោយ​មក…
​សំឡេង​ម៉ូតូ​បាន​បង្អង់​ឈប់​​លេច​ចេញ​មាណព​សង្ហា​ម្នាក់ បបូរ​មាត់​ក្រហម ច្រមុះ​ស្រួច សាច់​ស សង្ហា​ណាស់ តែ​ទាស់​ការ​និយាយ​របស់​គេ​មិន​សូវ​ជា​ច្បាស់​ប៉ៃឡាំ​ៗ ព្រោះ​ធ្លាប់​នៅ​បរទេស មិន​ដែល​បាន​មក​រស់នៅ​ស្រុក​ខ្មែរ​ទេ គេ​ជា​កូន​កាត់​ពីរ​សាសន៍ ម្តាយ​ជនជាតិ​ខ្មែរ ឪពុក​ជា​ជនជាតិ​អាមេរិក តែ​តាម​មើល​មុខ​កាត់​ខាង​ខ្មែរ​មក​ច្រើន​ជាង។ អ្នក​ដែល​មក​ដល់​និយាយ ​ពេល​ឃើញ​ស្ត្រី​​​វ័យ​កណ្ដាល​កំពុង​បោស​សំអាត​ផ្ទះ៖
«ជម្រាប​សួរ​មីង​ធា!»
«អូ​…ក្មួយ​ចន! លើក​ដៃ​ថ្វាយ​ព្រះ ​សុខ​សប្បាយ​ទេ​ហ្នឹង?»
ចន និង​មីង​ធា​សំណេះសំណាល​គ្នា​ពី​នេះ​ពី​នោះ​យ៉ាង​សប្បាយ​ហូរហែ។ ចន​​​សួរ​​សុខទុក្ខ​ពី​មល្លិកា និង​លោក​រតន​វិមាន​ ហើយ​ពេល​និយាយ​ដល់​រឿង​មេត្តា​ក៏​​​ឮ​សំឡេង​ពី​ក្រៅ​មក ដែល​ជា​សំឡេង​បុរស​អាយុ​ប្រមាណ​២០​ឆ្នាំ​ប្លាយ រូបរាង​កាយ​ខ្ពស់​ស្រឡះ កែវភ្នែក​មុត​ថ្លា សម​នឹង​សក់​ទើប​​កាត់​ថ្មី​ៗ សម្បុរ​សណ្ដែក​បាយ​សម្គាល់​កូន​ខ្មែរ​ពិតៗ​ បើ​និយាយ​ពី​វង់ភក្ត្រ​វិញ​ មិន​បាច់​និយាយ​ច្រើន​ទេ ប្រហែល​អាច​ឆក់​បេះដូង​ក្រមុំ​ៗ​មិន​តិច​ឡើយ​។ កំលោះ​នោះ​ហើយ​ដែល​ឈ្មោះ សុ​មេត្តា​នោះ​ឯង។
«អ្ហា! ចន​មក​ដល់​យូរ​ហើយ​មែន​ទេ? ​ហើយ​មាន​ការ​អី​សម្លាញ់​បាន​មក​រក​គ្នា​ទាំង​ព្រលឹម​បែប​នេះ!?»
ចន​តប៖
«អឺ…គ្នា​មក​ដល់​មួយ​សន្ទុះ​ហើយ​វ៉ើយ! យ៉ាង​ម៉េច ​គ្នា​មក​រក​ឯង​មិន​បាន​ទេ​ឬ? ហើយ​ត្រូវ​មាន​លិខិត​សុំ​ជួប​មែន​ទេ ​លោក​ប្រុស!?»
«ទេ! ទេ! តែ​គ្នា​គ្រាន់​តែ​គិត​ស្មាន​ថា ឯង​មក​រក​អ្នក​ដទៃ​ក្នុង​ផ្ទះ​នេះ!» ថាហើយ មេត្តា​យក​ដៃ​កៀក​ក​មិត្តភ័ក្ដិ​ធ្វើព្រងើយ។
«ហ៊ឹស! កុំ​ឱ្យ​តែ​ឃើញ​គ្នា​មិន​បាន ​បាញ់​ពេក​វ៉ើយ! កុំ​ខ្លាំង​ពេក ប្រយ័ត្ន​ពេល​ណា​ឯង​ចេះ​ស្រឡាញ់​គេ​វិញ យើង​មិន​គ្រាន់​តែ​បាញ់​ឯង​​ទេ យើង​នឹង​ដុត​ឯង​​ឱ្យ​ក្លាយ​ជា​ផេះ​តែ​ម្ដង! ចាំ​តែ​មើល​ទៅ!»
មេត្តា​តប៖
«អឺ..អឺ…ស្រេច​ចិត្ត! តោះ​កុំ​មក​និយាយ​ច្រើន! យើង​គិត​ទៅ​ដើរ​លេង​លំហែ​ខួរ​ក្បាល​វិញ​ប្រសើរ​ជាង! ឡើង​ទៅ​ភ្នំពេញ​យ៉ាង​ម៉េច​ដែរ​វ៉ើយ? អូ! មីង​ធា ចម្ការ​កៅស៊ូ​ខាង​កើត​ផ្ទះ​របស់​យើង​កំពុង​តែ​ចៀរ​ជ័រ  តែ​កម្មករ​របស់​យើង​ចៀរ​មិន​ទាន់​ទេ ព្រោះ​ឥឡូវ​ភ្លៀង​ញឹកញាប់​ទៀត​ខែ​នេះ! គួរ​តែ​បន្ថែម​កម្មករ​ទើប​បាន កុំ​ឱ្យ​ស្ទះ​ដំណើរការ! យ៉ាង​ណាៗ មីង​ជួយ​ផ្សព្វផ្សាយ និង​យក​ខិត្តប័ណ្ណ​ដែល​ខ្ញុំ​ធ្វើ​យក​ទៅ​​ឱ្យ​សាប់ និង​កម្មករ​ដទៃ​​បិទ​ផ្សព្វផ្សាយ​បន្ថែម​ផង ដើម្បី​​ឱ្យ​ទាន់​ពេល​ណា​មីង! ​និយាយ​អ៊ីចឹង ខ្ញុំ​ឮ​ថា​ លោក​ប៉ា​នឹង​ទៅ​កំពង់​សោម​មែន​ទេ​​ថ្ងៃ​ស្អែក​នេះ? ឆ្ងល់​ណាស់ ហេតុ​អី​គាត់​ទៅ​ទី​​នោះ​ញឹកញាប់​ម្ល៉េះ? ហើយ​ថែម​ទាំង​និយាយ​ទូរសព្ទ​ទៅ​ទី​នោះ​ញឹកញាប់​ទៀត!!»
មីង​ធា​ឮ​មេត្តា​និយាយ​បែប​សង្ស័យ​ក៏​ឆ្លើយ៖
«ចាស៎​លោក​ប្រុស! គាត់​ទៅ​ដើម្បី​លំហែ​កាយ​តែ​ប៉ុណ្ណោះ​ទេ​ចា៎! គ្មាន​អី​លើស​ពី​នេះ​ឡើយ!»
ចន​ឮ​បន្ថែម៖
«ឯង​ចង់​គិត​អី​អា​មេត្តា! ប៉ា​របស់​ឯង​គាត់​ទៅ​​លំហែ​កាយ​ទេ​ កុំ​គិត​អី​អត់​បាន​ការ​ពេក! តោះ​ទៅ​ដើរ​លេង!»
«គាត់​ជា​ប៉ា​របស់​យើង​បាន​យើង​បារម្ភ! ឯង​មិន​យល់​ពី​យើង​ទេ!»
​«អឺ! យើង​ស្គាល់​ឯង​យូរ​ហើយ ហេតុ​អី​ថា​មិន​យល់​នោះ?! ទៅ​ប្រញាប់​បន្តិច​ទៅ! នៅ​យូរយារ​ហ្នឹង​ហើយ!» ចន​ដើរ​អូស​ដៃ​ទៅ។
មីង​ធា​និយាយ​៖
«លើក​ដៃ​ថ្វាយ​ព្រះ​លោក! កុំ​ឱ្យ​មាន​បញ្ហា​អី​ឱ្យ​សោះ​ស្អែក​នេះ អ្ហើយ…..»
…………………………
ស្អែក​ឡើង លោក​វិមាន​ត្រូវ​ចេញ​ដំណើរ​ទៅ​កំពង់​សោម។
«អ្នក​ប្រុស! អ្នក​ប្រុស! ភ្ញាក់​ហើយ​នៅ? លោក​ម្ចាស់​ចង់​ជួប!» អត់​ឮ​សំឡេង​តប មីង​ធា​រុញ​ទ្វារ​ចូល​ទៅ​ក្នុង។
«អូយ! អ្នក​ប្រុស​ភ្ញាក់​ឡើង លោក​ប្រុស​ធំ​ចង់​ជួប! យី​ទ្រមក់​ម្ល៉េះ?»
នាយ​កំឡោះ​ក្រោក​ដើរ​ឡើង​ទាំង​សភាព​ងោកងុយ​មិន​ទាន់​អស់។​
«មេត្តា! កូន​ត្រូវ​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​ឱ្យ​ល្អ​ណា!​ ប៉ា​ទៅ​កំពង់សោម​២​ថ្ងៃ ហើយ​និយាយ​រឿង​យប់​មិញ​ យ៉ាង​ម៉េច​ស្រវឹង​ឡើង​ជោក​ខ្លួន? ​កុំ​តែ​បាន​ចន​ទៅ​ជាមួយ​ជួយ​បើក​ឡាន​មក​ផ្ទះ​វិញ កុំ​អី​មិន​ដឹង​យ៉ាង​ម៉េច​ទេ! ឯង​ត្រូវ​ដឹង​ថា ឥឡូវ​ឆាប់​មាន​គ្រោះថ្នាក់​ផង! ​មុន​ធ្វើ​អ្វី ឱ្យ​ចេះ​គិត​ខ្លះ មិន​មែន​ធ្វើ​អី​ឆេវឆាវ​តាម​តែ​អារម្មណ៍​ខ្លួន​នោះ​ទេ!​ តើ​ទៅ​ថ្ងៃ​មុខ​ទៅ​ ប៉ា​ប្រគល់​កិច្ចការ​ឱ្យ​ឯង​ធ្វើ​ម៉េច​បាន? ឯង​មើល​ប្អូន​ឯង​ទៅ ​គេ​ខំ​រៀន ចំណែក​បង​គេ​ឱ្យ​ទៅ​រៀន​តែ​ឥត​បាន​ការ!!»
មាណព​ឮ​ងើប​មុខ​មើល​ប៉ា​របស់​ខ្លួន។ គេ​និយាយ​យ៉ាង​ខ្លាំង៖
«ចុះ​លោក​ប៉ា​ដឹង​ថា លោក​ប៉ា​ធ្វើ​អី​ខ្លះ​ទេ​តាំង​ពី​អ្នក​ម៉ាក់​ស្លាប់​ទៅ​? លោក​ប៉ា​ធ្វើ​ប្លែក​ៗ​លាក់​ពី​ក្រោយ?ខ្ញុំ​មិន​យល់​ទេ​ថា លោក​ប៉ា​ទៅ​ទី​នោះ​ញឹកញាប់​ម្ល៉េះ​? ឬ​ក៏​ប៉ា​មាន​អី​ប្លែក?»
លោក​វិមាន​ខឹង​យ៉ាង​ខ្លាំង​ចង់​ខ្យល់៖
«អា​មេត្តា អា​កូន​អកតញ្ញូ!» ​នរៈ​រត់​ចេញ​មក​ក្រៅ មិន​ខ្ចី​មើល​ឪពុក។ មីង​ធា​ឮ​សម្រែក​ឈ្លោះ​គ្នា​ខ្លាំង​ក៏​រត់​ទៅ​មើល៖
«ពុទ្ធោ! លោក​ម្ចាស់ កុំ​ខឹង​ខ្លាំង​ពេក សម្រួល​អារម្មណ៍​សិន​ទៅ! អ្នក​ប្រុស​នៅ​ក្មេង ទើប​មិន​យល់​ពី​យើង​ចាស់! ប្រយ័ត្ន​ជំងឺ​រើ!»។
……………………………….
សំឡេង​រលក​សមុទ្រ​គ្រាំៗ​ទៅមក​ៗ​…
«ចង់​ទិញ​វត្ថុ​អនុស្សាវរីយ៍​អី​ទេ​ចា៎! សុទ្ធ​តែ​របស់​ស្អាត​ៗ​ធ្វើ​ដោយ​ដៃ​ទាំងអស់! ជួយ​ទិញ​ទៅ តម្លៃ​​មិន​ថ្លៃ​ទេ!» សំឡេង​ស្រី​ម្នាក់​និយាយ​នៅ​តាម​ដង​សមុទ្រ។
«វិជ្ជរ៉ា!» លោក​វិមាន​ហៅ។
«ខ្ញុំ​ប្រាប់​ហើយ​មែន​ទេ​ថា កុំ​ឱ្យ​មក​លក់​ទៀត នៅ​មើល​ថែ​ទាំ​កុមារ​កំព្រា​ទៅ! កុំ​មក​ដើរ​ហាល​ថ្ងៃ​បែប​នេះ ខ្វះ​ខាត​អី ប្រាប់​ខ្ញុំ​បាន​តើ!»
មាណវី​ឮ​សំឡេង​ងាក​មើល​ឃើញ​ក៏​រត់​មក​​​ទទួល ដោយ​រីករាយ​ប្រកប​ដោយ​វង់ភក្ត្រ​គោរព ​និង​មាន​មន្ត​ស្នេហ៍ សាច់​ម៉ត់​ល្អ​ដូច​ហង្ស​ទេព​សួគ៌ ញញឹម​បញ្ចេញ​ថ្ពាល់​ខួច​ម្ខាង ​គ្រាន់​តែ​សម្បុរ​កាយ​ស្រអាប់​បន្តិច ព្រោះ​វិជ្ជរ៉ា​ត្រូវ​នៅ​ហាល​ក្តៅ​ដោយ​នាង​ចូលចិត្ត​លក់​របស់។
វិជ្ជរ៉ា​ជា​ក្មេង​កំព្រា​ម្តាយ រាល់​ថ្ងៃ​នាង​មិន​រស់នៅ​ជាមួយ​ឪពុក​ទេ ​ព្រោះ​អី​គាត់​បាន​ទៅ​រៀបការ​ប្រពន្ធ​ថ្មី​មួយ​ទៀត ដោយ​ម្តាយ​ថ្មី​នោះ​បាន​ធ្វើ​បាប​នាង​រហូត រាល់​ពេល​ឪពុក​នាង​មិន​នៅ ទើប​នាង​សម្រេច​ចិត្ត​រត់​ចេញ​ពី​ផ្ទះ​ក៏​បាន​ជួប​នឹង​លោក​វិមាន។ ធីតា​ស្រី​ញញឹម​ស្រស់​៖
«លោក​ម្ចាស់​មក​ពី​កាល​ណា​ហ្នឹង? អត់​ប្រាប់​ខ្ញុំ​អី​បន្តិច​សោះ?»
«ខ្ញុំ​មក​យូរ​ហើយ ម៉ោះ​ទៅ​មណ្ឌល​​និយាយ​គ្នា​លេង!»
«ចាស៎!» លោក​វិមាន និង​នារី​ដើរ​ទៅ​កន្លែង​កុមារ​កំព្រា។ លោក​វិមាន​ចាប់ផ្តើម​និយាយ៖
«ខ្ញុំ​មក​នេះ​ចង់​ពឹង​នាង​រឿង​មួយ!»
មាណវី​ឆ្ងល់​ក៏​សួរ​៖
«មាន​រឿង?! ​​រឿង​អី​ទៅ? លោក​ម្ចាស់​ប្រាប់​មក បើ​ខ្ញុំ​អាច​ជួយ​បាន ខ្ញុំ​នឹង​ជួយ​ឱ្យ​អស់​ពី​សមត្ថភាព!»​
«គឺ​ខ្ញុំ​ចង់​ឱ្យ​នាង​ស្អែក​នេះ​ទៅ​នៅ​ផ្ទះ​របស់​ខ្ញុំ ដូច​អ្វី​ដែល​យើង​បាន​ព្រមព្រៀង​គ្នា​ទុក! ខ្ញុំ​ដឹង​ថា​រ៉ា​ឯង​មិន​ចង់​បែក​ពី​ទី​នេះ​ទេ! មិន​អី​ទេ បើ​ទៅ​នៅ​មិន​អាច​ស៊ាំ​បាន ចាំ​ត្រលប់​មក​វិញ​ក៏​បាន​ដែរ! ខ្ញុំ​មិន​បង្ខំ​ចិត្ត​ទេ!»
«ចាស៎​លោក​ម្ចាស់! លោក​ធ្លាប់​មាន​គុណ​ប្រៀប​ដូចជា​ឪពុក​ចំពោះ​ខ្ញុំ រឿង​ហ្នឹង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បណ្ដាំ!»
«អឺ​! អ៊ីចឹង​ល្អ​ហើយ! រៀបចំ​របស់​របរ​ដែល​ត្រូវ​យក​ទៅ​ឱ្យ​ហើយ​ទៅ! ស្អែក​ចេញ​ដំណើរ កុំ​ឱ្យ​​​ភ្លេច​នេះ​ភ្លេច​នោះ!»
……………………………..
​តាម​​​ផ្លូវ​​ឆ្ពោះ​ទៅ​ខេត្ត​កំពង់ចាម​​ ទេសភាព​ហាក់​ល្អល្អះ​ចំពោះ​ក្មេង​ស្រី​ដែល​មិន​ធ្លាប់​ដើរ​ស្រុក​គេ លេច​វាល​ចូល​ព្រៃ​ ឡើង​ទួល​ចុះ​ទួល​ដូច​កូន​ភ្នំ សំបូរ​ទៅ​ដោយ​ដើម​កៅស៊ូ​មិន​ចេះ​ខ្វះ​ដែល​ខ្លះ​ល្មម​អាច​ចៀរ​យក​ជ័រ​បាន ខ្លះ​នៅ​អាយុ​ខ្ចី​ពេក​កាត់​យ៉ាង​ត្រឹម​ៗ​គួរ​ឱ្យ​ចង់​គយគន់។ នៅ​ចន្លោះ​ដើមឈើ មាន​ផ្ទះ​កម្មករ​តូច​ៗ​សង់​នៅ​ចាំ​ចៀរ​ជ័រ​កៅស៊ូ​ឱ្យ​ក្រុមហ៊ុន មាន​តូប​លក់​តាម​ផ្លូវ​សម្រាប់​ភ្ញៀវ​ដើរ​កម្សាន្ត​​​ពេល​ត្រូវការ។
វិជ្ជរ៉ា​រីករាយ​ជាមួយ​ទេសភាព​ទាំង​នោះ​ណាស់។ ​ឡាន​បាន​បរ​មក​ដល់​គេហដ្ឋាន​មួយ​ដែល​បាន​រៀបរាប់​ខាង​លើ​ដោយ​មិន​ដឹង​ខ្លួន ​ស្រី​ស្រស់​ភ្ញាក់​ខ្លួន​នៅ​ពេល​បាន​មក​ដល់​ផ្ទះ​នេះ​ជា​លើក​ដំបូង។ ​មីង​ធា​ចេញ​មក​ទទួល​ដោយ​រាក់ទាក់​​ ចំណែក​មល្លិកា​ក៏​ចេញ​មក​ទទួល​ដែរ តែ​នាង​នឹក​ឆ្ងល់​ពី​នារី​ម្នាក់​ដែល​មក​ជាមួយ​ឪពុក​នាង​ទៅ​វិញ។ គ្រាន់​តែ​ឃើញ ​នាង​ហាក់​ដូចជា​អន់​​ចិត្ត ​ពេល​ប៉ា​របស់​ខ្លួន​នាំ​អ្នក​ណា​មក​ជាមួយ​ដែល​មិន​ធ្លាប់​​ប្រាប់​​​ពី​មុន​។
«លោក​ប៉ា​មក​វិញ​ហើយ​ឬ? ចុះ​គាត់​ជា​អ្នកណា​ដែរ?!»
លោក​រតន​​វិមាន​​គ្រាន់​តែ​ញញឹម ហើយ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ ធ្វើ​ឱ្យ​មល្លិកា​កាន់​តែ​គិត​វែង​ឆ្ងាយ ចំណែក​វិជ្ជរ៉ា​ខំ​ញញឹម​ដាក់​មល្លិកា តែ​មល្លិកា​មិន​បាន​ទទួល​រាក់ទាក់​។ មាណវី​ដើរ​ទៅ​តាម​លោក​ដល់​ក្នុង​ផ្ទះ ទើប​លោក​ប្រាប់​មល្លិកា​ថា៖ ​
«នាង​គឺ​វិជ្ជរ៉ា! នាង​ត្រូវ​មក​រស់​នៅ​ជាមួយ​យើង​ដូច​សមាជិក​ក្នុង​គ្រួសារ​នេះ​ដែរ!»
​មេត្តា​ដែល​ទើប​ចុះ​ពី​បន្ទប់​ដោយ​ឮ​សន្ធឹកឡាន គ្រាន់​តែ​ឃើញ​និង​ឮ​បែបនេះ នាយ​ប្រកែក​យ៉ាង​ខ្លាំង៖
«ទេ…លោក​ប៉ា! លោក​ប៉ា​កំពុង​ធ្វើ​អី​ហ្នឹង? យក​ស្រី​ដែល​មិន​ស្គាល់​ពូជ​អំបូរ មិន​ដឹង​ល្អ​អាក្រក់​មក​រស់​នៅ​ជាមួយ​ម៉េច​នឹង​បាន? ខ្ញុំ​មិន​ព្រម​ទេ!! អូ! លោក​ប៉ា​ហ៊ាន​បញ្ចេញ​មក​ហើយ​​ឬ ​នេះ​ជា​ស្រី​របស់​លោក​ប៉ា?!» គេ​យក​ដៃ​ចង្អុល​វិជ្ជរ៉ា។
ឮ​មេត្តា​ថា​ឱ្យ​ដូចនេះ មាណវី​សម្លក់​មក​កាន់​នាយ តែ​ក៏​មិន​ទាន់​ថា​អី​ដែរ រួច​ក៏​ដាក់​ភ្នែក​ចុះ ខាំ​មាត់​សង្កត់​ចិត្ត។
​លោក​វិមាន​រក​ទះ​កំផ្លៀង​កូន តែ​វិជ្ជរ៉ា​និង​សាប់​ចាប់​ដៃ​ទាន់។ គាត់​​និយាយ​យ៉ាង​ម៉ឺង​ម៉ាត់៖
«វិជ្ជរ៉ា​ត្រូវ​​​នៅ​ទីនេះ​ជាមួយ​យើង​ដោយ​គ្មាន​ពាក្យ​ប្រឆាំង​! ថ្ងៃ​ស្អែក ប៉ា​នឹង​ទៅ​អាមេរិក​១​ខែ! នរណា​ក៏​មិន​អាច​ប៉ះពាល់​នាង​បាន​ឡើយ! ឮ​ទេ? ហើយ​ត្រូវ​គោរព​នាង​ផង!»
និយាយ​ហើយ គាត់​ក៏​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់។ ចំណែក​មេត្តា​វិញ​បែរ​មក​មើល​វិជ្ជរ៉ា​ដូច​ចង់​ស៊ីសាច់​ទាំង​រស់ រួច​និយាយ​៖
«នាង​មក​នេះ​មក​បំផ្លាញ​គ្រួសារ​​ពួក​យើង​ឱ្យ​បែកបាក់​មែន​ទេ? នាង​នេះ​ពិត​ជា​គ្រាន់​បើ​មែន! ខ្ញុំ​ក៏​ចង់​ដឹង​ដែរ​ថា នាង​នៅ​បាន​ប៉ុន្មាន?»
គេ​ថា​ទាំង​ខឹង​សម្បារ​ដើរចេញ ​ឯ​កា​ក៏​ដើរ​ចេញ​ដែរ។ ហេតុ​អី​សម្ដី​គេ​ហាក់​ដូចជា​មិន​សម​នឹង​ឈ្មោះ​សោះ​អ៊ីចឹង​?

យប់​​ចូល​មក​ដល់​ មាណវី​​​អង្គុយ​នៅ​ទោង​ក្រោយ​ផ្ទះ​​មើល​ព្រះ​ខែ និង​អង្គុយ​រៀបរាប់​កំណាព្យ​ដែល​នាង​បាន​តែង​ពី​ជីវិត​របស់​ខ្លួន។ កំពុង​សូត្រ​មិន​ដឹង​ថា ​លោក​វិមាន​មក​ស្តាប់​តាំង​ពី​ពេល​ណា​ លោក​ខំ​លួងលោម​នាង​ថា៖
«រ៉ា​ខំ​ព្យាយាម​ហ្វឹកហាត់​ទៅ គង់​តែ​អាច​ឈ្នះ​គ្រប់​អ្វី​ៗ​ទេ​!»
«ចាស៎​មិន​អី​ទេ! ប៉ុណ្ណឹង​ខ្ញុំ​ទ្រាំ​បាន! រឿង​បែប​នេះ​ត្រូវការ​ពេល​វេលា​ដើម្បី​ពន្យល់​គេ!» លោក​ងក់​ក្បាល​​តប។ លោក​ក៏​ឱ្យ​នាង​ឆាប់​ទៅ​គេង តែ​ធីតា​រង់ចាំ​បន្តិច​ទៀត​។  ​ចំណែក​លោក​ក៏​ទុក​ឱ្យ​នាង​នៅ​ទីនោះ​បណ្តែត​អារម្មណ៍​បន្តិច​ ដើម្បី​បាន​ស្បើយ​ទុក្ខ។
បន្ទាប់​ពី​បិតា​ចេញ​ផុត ក៏​លេច​​​មល្លិកា​​មក​សាកសួរ​កញ្ញា​ដើម្បី​ចង់​ដឹង​រឿង​ពិត​​។ វិជ្ជរ៉ា​ឃើញ​មល្លិកា​ក៏​គំនាប់​ហៅ៖
«មល្លិកា​មែន​ទេ?»
កា​ដែល​ចង់​ឈាន​ជើង​បម្រុង​ដើរ​ចេញ ក៏​ត្រលប់​មក​អង្គុយ​ជិត៖
«តើ​ឱ្យ​ខ្ញុំ​ហៅ​ថា​យ៉ាង​ម៉េច​ទៅ?»
រ៉ា​ញញឹម​ស្ងួត រួច​ឆ្លើយ​រាក់ទាក់៖
«ហៅ​ខ្ញុំ​បង​ទៅ! បង​រ៉ា​ណា៎!»
«អ៊ីចឹង​បង​មិនមែន​ជា….»
«ទេ! ចាំ​បង​ប្រាប់​រឿង​ហេតុ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​ឡើង…»
មល្លិកា​សប្បាយ​រីករាយ ហើយ​ក៏​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ដែរ ពេល​បាន​ឮ​រឿង​ពិត​របស់​រ៉ា។​ ម្យ៉ាង​គ្រាន់​តែ​ឃើញ​រ៉ា​​ដំបូង នាង​ក៏​មិន​ស្អប់​ខ្ពើម​ដែរ ​គឺ​មាន​អារម្មណ៍​ថា​នាង​ចូលចិត្ត។
ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រោយ​លោក​វិមាន​​ចេញ​ទៅ​អាមេរិក មល្លិកា​កាន់​តែ​ចូលចិត្ត​អត្តចរិក ​និង​អាកប្បកិរិយា​និយាយ​ស្តី​របស់​រ៉ា​​​ ព្រោះ​ពេល​ពួក​គេ​ទាំង​ពីរ​និយាយ​អ្វី ហាក់​ត្រូវ​គ្នា​ទាំង​ពី​ចិត្ត​គំនិត​ផ្សេងៗ។ ​រឿង​ហេតុ​ទាំង​នោះ​មិន​អាច​កំបាំង​ពី​មេត្តា​បាន​ឡើយ ​តែ​គេ​មិន​បាន​ដឹង​ពី​រឿង​ដែល​វិជ្ជរ៉ា​មក​នេះ​ដើម្បី​អ្វី​ឡើយ ​ព្រោះ​គេ​ស្អប់​នាង​សឹង​តែ​ស្លាប់​ម្នាក់​ឯង ដោយ​គិត​ថា​នាង​ចង់​ធ្វើ​ជា​លោក​ស្រី។ ទំនាក់ទំនង​ធីតា​ទាំង​ពីរ​កាន់​តែ​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ចាប់​ពី​ពេល​នោះ​មក រ៉ា​មាន​អារម្មណ៍​ថា​ស្បើយ​ទុក្ខ​ខ្លះ។
ថ្ងៃ​មួយ វិជ្ជរ៉ា​បាន​ចូល​ទៅ​ក្នុង​បន្ទប់​លោក​រតន​វិមាន​ដោយ​ដឹង​ថា លោក​ត្រលប់​មក​ដល់​ផ្ទះ​វិញ ហើយ​ពេល​ចេញ​មក​វិញ​ប៉ះ​មេត្តា​ដែល​ដើរ​កាត់​នោះ៖
​«នែ​នាង! ​​ទៅ​ម្ញ៉ិកម្ញ៉ក់​ឱ្យ​ដៃ​ដាក់​ប៉ា​ខ្ញុំ​ទៀត​ហើយ​មែន​ទេ?»
​«នែ​លោក​ប្រុស! កុំ​គិត​ប៉ាន់​ស្មាន​តែ​ផ្តាស​បាន​ទេ?​ ខ្ញុំ​មក​នេះ​មាន​ការ​សំខាន់ មិន​បាន​ឱ្យ​ដៃ​ម្ញ៉ិកម្ញ៉ក់​ដូច​ថា​នោះ​ទេ!»
​«មិន​ជឿ​! នាង​កុំ​មក​ដោះសា​រួច​ខ្លួន! ខ្ញុំ​មើល​តែ​កែវភ្នែក​ក៏​ដឹង​ថា នាង​មាន​ខ្សែភ្នែក​​មិន​ល្អ​ដែរ!  ឬ​នាង​ដាក់​មន្ត​អាគម​អី​ឱ្យ​ប៉ា​ខ្ញុំ​មែន​ទេ បាន​គាត់​តែង​កាន់​ជើង​នាង​រហូត? ឬ​នាង​ចង់​ឱ្យ​ផ្ទះ​រតន​​វិមាន​នេះ​រលំ​រំលាយ​ទ្រព្យ​ទើប​នាង​អស់​ចិត្ត? នាង​នេះ​ពិត​ជា​សាហាវ​ណាស់!» ​មេត្តា​ថា​ទាំង​កែវភ្នែក​កំណាច​។
រ៉ា​បែរ​មើល​មុខ​ទាំង​ហួស​ចិត្ត​និយាយ៖
​«មែន​ហើយ! ខ្ញុំ​នឹង​អន្ទង​យក​ទ្រព្យ​នៅ​ក្នុង​ផ្ទះ​នេះ​ឱ្យ​អស់! ​លោក​ត្រូវ​ព្យាយាម​ការពារ​បន្តិច​ទៅ ក្រែង​គ្មាន​កន្លែង​ត្រូវ​នៅ​នោះ​អី​! ​ហើយ​ម្យ៉ាង​ក៏​សុំ​ហាត់​ហៅ​ថា​អ្នក​ម៉ាក់​ៗ​ឱ្យ​ថ្នឹក​មាត់ ថ្នឹក​ត្រចៀក​តិច​ទៅ ព្រោះ​យើង​ត្រូវ​នៅ​ជាមួយ​គ្នា​យូរ​ទៀត មែន​ទេ​កូន​ម៉ាក់?» ថា​ហើយ​នាង​ក៏​ដើរ​ចេញ​ទាំង​ញញឹម​ឌឺ តែ​មាណព​ខឹង​​មែន​ទែន រួច​ចាប់​ដៃ​នាងជាប់។
​«នែ​លែង​ណា៎!​​ ខ្ញុំ​ឈឺ!» ​មាណព​ខ្ពើម​ធ្វើ​ឮ ហើយ​ទាញ​ចូល​បន្ទប់​។ នាយ​រុញ​នាង​ទៅ​លើ​គ្រែ​ខឹង​នាង​ដែល​ប៉ិន​ឌឺ​គ្រប់​ពេល តាម​ពិត​គេ​គ្រាន់​ធ្វើ​ជា​គំរាម​តែ​ប៉ុណ្ណោះ​៖
​«បើ​នាង​មិន​ឈប់​ធ្វើ​បែប​នេះ​ទេ នាង​នឹង​ត្រូវ​ទទួល​រង្វាន់​​យ៉ាង​គាប់​ចិត្ត​ហើយ! ចង់​ធ្វើ​ម៉ាក់​ចុង​ខ្ញុំ​ណាស់​មែន​ទេ?» ថា​ហើយ​មេត្តា​ក៏​ឱន​ថើប​ថ្ពាល់​ស្រី​ដូច​កំរោល​ចូល។
មាណវី​រើ​ទាល់​តែ​មួយ​ទំហឹង ច្រាន​គេ​ចេញ​រហូត​បាន​រួច​ចេញ​ពី​គ្រែ នាង​យំ​​​សសិត​​ទៅ​ចាប់​បាន​ឧបករណ៍​ឆក់​មូស​នៅ​លើ​តុ​ក្បែរ​នោះ៖
​«អ្នក​ប្រុស! បើ​លោក​ហ៊ាន​ចូល​មក​ទៀត ខ្ញុំ​មិន​ធានា​សុវត្ថិភាព​លោក​ទេ!»
​«នាង​គិត​ថា​របស់​ប៉ុណ្ណឹង ​អាច​ធ្វើ​អី​ខ្ញុំ​បាន​?»
មេត្តា​នៅ​តែ​ឈាន​ជើង​ចូល​រហូត ម្តង​នេះ​មាណវី​ក្រឡេក​ឃើញ​កូន​កាំបិត​ក៏​ចាប់​កាន់​ម្តង​៖
«តែ​លោក​ហ៊ាន​ចូល​មក​មួយ​ជំហាន​ទៀត ខ្ញុំ​នឹង​សម្លាប់​ខ្លួន!»​
ធ្វើ​បែប​នេះ មេត្តា​លែង​ហ៊ាន​ដើរ​ចូល ​ខ្លាច​នាង​សម្លាប់​ខ្លួន​មែន ព្រោះ​ឃើញ​ឈាម​រិញៗ​ចេញ​ពី​ក​នាង​ដែល​សុខ​ចិត្ត​ស្លាប់។
​មេត្តា​តប​ទៅ​ទាំង​ភ័យ៖
«បាន! បាន! តែ​នាង​ត្រូវ​ដាក់​កាំបិត​ចុះ​សិន! កុំ​គិត​ធ្វើ​បែប​​ហ្នឹង គ្រោះថ្នាក់​ណាស់​ណា៎!!»
​«ទេ! ខ្ញុំ​មិន​ស្តាប់​អ្វីទាំងអស់! លោក​ត្រូវ​ទៅ​បើក​ទ្វារ​ឱ្យ​ខ្ញុំ​ជា​មុន​សិន!»
មេត្តា​ត្រូវ​បង្ខំ​ចិត្ត​ទៅ​បើក​ទ្វារ រ៉ា​មិន​បង្អង់​យូរ​ រត់​ចេញ​ទៅ​យ៉ាង​លឿន​ទៅ​កាន់​បន្ទប់​ខ្លួន។ នាង​យំ​យ៉ាង​ខ្លាំង ឈឺ​ណាស់ ឈឺ​ជាង​របួស​នៅ​ក​ទៅ​ទៀត។ ​នាង​ចង់​តែ​ប្រាប់​ពី​រឿង​គ្រប់​យ៉ាង​ដល់​គេ​ឱ្យ​ច្បាស់ កុំ​ឱ្យ​គេ​យល់​ច្រឡំ តែ​ឱ្យ​តែ​ឃើញ​នាយ​គិត​អាក្រក់ ពាក្យ​នោះ​បែរ​ជា​នៅ​ទើរ​ជាប់​បំពង​ក​រហូត នាង​យំ​រហូត​ដល់​គេង​លក់​ដោយ​មិន​ដឹង​ខ្លួន។ មេត្តា​ខំ​តាម​សម្លឹង​តាម​ក្រោយ​ដោយ​ភាព​ស្តាយ​ក្រោយ​ចំពោះ​កំហុស​ខ្លួន។
ប៉ុន្មាន​ថ្ងៃ​នេះ នាង​មិន​ហ៊ាន​ទៅ​ញ៉ាំ​បាយ​រួម​តុ​ជាមួយ​ក្រុម​គ្រួសារ​នោះ​ទេ ដោយ​ខ្មាស​មេត្តា តែ​លោក​វិមាន​បាន​ឱ្យ​មល្លិកា​ទៅ​ហៅ តែ​នាង​ប្រកែក​ថា​មិន​ឃ្លាន…
​ពីរ​បី​ថ្ងៃ​ក្រោយ​មក….
​​ព្រឹក​ថ្ងៃ​អាទិត្យ ចន ​​មល្លិកា​ និង​វិជ្ជរ៉ា​​​​​មក​ចម្ការ​លេង​​។ ពួកគេ​ទាំង​បី​កំពុង​ដើរ​បណ្តែត​អារម្មណ៍​បណ្តើរ ផឹក​ទឹក​អំពៅ​បណ្តើរ ស្រាប់​តែ​ឃើញ​ផ្សែង​ខ្មួល​ខ្មៅ​ចេញ​ពី​ផ្ទះ​តូច​មួយ​របស់​កម្មករ។ ពួក​កម្មករ​នាំ​គ្នា​ជួយ​ពន្លត់​ភ្លើង ​មាន​ស្រ្តី​ម្នាក់​ស្រែក​យំ​ថា បាត់​កូន​តូច​របស់​គាត់​ថា​នៅ​ក្នុង​ផ្ទះ​នោះ។ រ៉ា​ឮ​បែប​នេះ ក៏​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ។ ពួក​កម្មករ ចន និង​មល្លិកា​ស្រែក​ទាំង​ស្លុត​សំឡេង​ពេល​ឃើញ​បែប​នេះ។
ពេល​នោះ ​ក៏​លេច​មុខ​មេត្តា​មិន​ដឹង​មក​ពី​ណា​រត់​មក ពួក​កម្មករ​ប្រាប់​ថា វិជ្ជរ៉ា​រត់​ចូល​ក្នុង​នោះ។ មេត្តា​គ្មាន​បង្អង់​រត់​ចូល​ទៅ​ជាមួយ​ដែរ ហើយ​ឃើញ​រ៉ា​ក្នុង​នោះ៖
​«នាង​ចូល​មក ​មិន​ខ្លាច​ស្លាប់​ទេ​អី?»
រ៉ា​មិន​ស្ដាប់​សម្ដី​នរៈ​ឡើយ ចាប់​បី​ក្មេង​ត្រកង​រត់​ចេញ​មក​ក្រៅ តែ​កំលោះ​ចាប់​ដៃ​ជាប់៖
​«ចាំ​ខ្ញុំ​អ្នក​បី!» ​ថា​ហើយ មាណព​បី​ក្មេង ចំណែក​ស្រស់​ស្រី​មើល​មុខ​គេ ហើយ​រត់​ចេញ​មក​ក្រៅ​ទាំង​ពីរ​នាក់។
គ្រាន់​តែ​បាន​មក​ដល់​ក្រៅ ម្តាយ​ក្មេង​អរ​រំភើប​ដែល​បាន​កូន​មក​វិញ។ រ៉ា​និង​មេត្តា​ញញឹម​ដាក់​គ្នា​ដោយ​បាន​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​ម្នាក់​ឱ្យ​រួច​ជីវិត ​​តែ​រ៉ា​ដួល​ព្រូស​ដោយ​មិន​ដឹង​ខ្លួន។ អ្នក​ទាំងអស់​គ្នា​ភ័យ​ដោយ​ឃើញ​នាង​សន្លប់ បើ​និយាយ​ពី​មេត្តា​ភ័យ​ជាង​គេ នាយ​ខំ​បី​ត្រកង​នាង​ដាក់​លើ​គ្រែ ជួយ​បក់​ផ្លិត​ឱ្យ​នាង​មាន​ដង្ហើម​ធូរ​ជាង​មុន។ នេះ​ដោយសារ​ក្តៅ​ខ្លាំង​ពេក ពេល​ចូល​យក​ក្មេង​ខ្វះ​ខ្យល់​ទើប​នាង​សន្លប់។ មួយ​សន្ទុះ​ទើប​នាង​ដឹង​ខ្លួន​វិញ។ នរៈ​និង​អ្នក​គ្រប់​គ្នា​អរ​រំភើប។ នាយ​បាន​បី​ត្រកង​រ៉ា​មក​ឱ្យ​សម្រាក​នៅ​ផ្ទះ​ធំ​វិញ។ ​លោក​វិមាន​ភ័យ​ជាង​គេ​ពេល​ឮ​ដំណឹង​នេះ។
ពេលវេលាចេះតែដើរ​ឥត​ឈប់​ឈរ។ ជាង​កន្លះ​ឆ្នាំ​ហើយ​ដែល​រ៉ា​មក​នៅ​ត្បូង​ឃ្មុំ​នេះ។ ថ្ងៃ​សៅរ៍​ឡើង លោក​រតន​វិមាន​ក៏​ត្រូវ​ឡើង​ទៅ​ភ្នំពេញ​ ជិះ​យន្តហោះ​ទៅ​សិង្ហបុរី ដើម្បី​ទៅ​និយាយ​រឿង​ជំនួញ​គាត់ ដោយ​ការងារ​ទាំងអស់​ត្រូវ​ធ្លាក់​ទៅ​លើ​មេត្តា​និង​វិជ្ជរ៉ា ចំណែក​ចន​មិន​បាន​ទៅ​ជួយ​ទេ ព្រោះ​រវល់​ទៅ​បង្រៀន​​អង់គ្លេស​ក្មេង​ៗ​​ក្នុង​ភូមិ។ សំឡេង​ទូរសព្ទ​​មេត្តា​រោទ៍​ឡើង​រហូត​ដល់​ដាច់​ម្ដង​។ សំឡេង​​រោទ៍​ជា​ថ្មី តែ​នាយ​មិន​បាន​ដឹង​ឡើយ។ វិជ្ជរ៉ា​កំពុង​ដើរ ​រៀប​ថា​នឹង​ទៅ​ជួយ​ស្រោច​ផ្កា​នាយ​សាប់ ស្រាប់​តែ​ឮ​ទូរសព្ទ​រោទ៍​ក៏​លើក​និយាយ​៖ ​
«អា​ឡូ​ជម្រាប​សួរ!»
​«មិន​បាច់​ជម្រាប​សួរ​អី​ទេ!​ នាង​ឈ្មោះ​វិជ្ជរ៉ា​ហ្នឹង​មែន​ទេ?» ​ម្ចាស់​សំឡេង​និយាយ​គំហក ហើយ​នាំ​គ្នា​សើច​គឹល។
​«ពួក​ឯង​ជា​អ្នក​ណា?»
​«មិន​បាច់​សួរ​អី​ច្រើន​ទេ! បើ​ចង់​បាន​មល្លិកា​នេះ​ទៅ​វិញ កុំ​ភ្លេច​យក​លុយ​មក​ឱ្យ​យើង​! ចង់​ស្តាប់​សំឡេង​ខ្លះ​ទេ​?»
​រ៉ា​ឮ​សំឡេង​មល្លិកា​យ៉ាង​ច្បាស់ នាង​កាន់​តែ​ខ្វល់​។
​«ពួក​ឯង​ចង់​ធ្វើ​អី? ហើយ​ឥឡូវ​នៅ​ឯណា? ចាំ​យើង​យក​លុយ​ឱ្យ​ឯង! តើ​ឯង​ត្រូវការ​ប៉ុន្មាន? ​តែ​ឯង​ត្រូវ​សន្យា បើ​នាង​មាន​បញ្ហា​អី ពួក​ឯង​មិន​រួច​ទេ​សូម្បី​តែ​ខ្លួន!»
​«តែ​នាង​ក៏​មិន​ត្រូវ​ប្តឹង​ប៉ូលិស​ដែរ បើ​មិន​ដូច​នេះ​ទេ…​»
​«បាន​ចាំ​យើង​ទៅ…»
មាណវី​មិន​គិត​អី​ច្រើន គ្រាន់​ផ្តាំ​សាប់​ថា មល្លិកា​ត្រូវ​ក្មេង​ពាល​ចាប់ ​ឱ្យ​ទៅ​ប្រាប់​មេត្តា…
សំឡេង​ទ្រហោ​យំ និង​ពេទ្យ​​ប្រញាប់ប្រញាល់​រត់​ខ្នះខ្នែង​យក​អ្នក​របួស​ចូល​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​ដើម្បី​សង្គ្រោះ​បន្ទាន់។ កា​និង​មេត្តា​ស្រែក​ស្លន់៖
«លោក​គ្រូ​ពេទ្យ! លោក​គ្រូ​ត្រូវ​តែ​ជួយ​សង្គ្រោះ​គេ​ទាំង​ពីរ​ណា៎! ណា៎….ឮ​ទេ​លោក​គ្រូ​ពេទ្យ!!»
ទ្វារ​បន្ទប់​វះ​កាត់​ត្រូវ​បាន​បិទ មល្លិកា​និង​មេត្តា​ដើរ​រ៉េរ៉​ដោយ​ក្តី​បារម្ភ និង​សោក​ស្តាយ។ ​បន្ទាប់​ពី​បញ្ចូល​ឈាម​រួច ចន​និង​វិជ្ជរ៉ា​សុទ្ធ​តែ​មាន​សភាព​គ្រាន់​បើ តែ​វិជ្ជរ៉ា​មិន​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ ព្រោះ​នាង​ត្រូវ​កាំបិត​ត្រង់​ចំណុច​សំខាន់។
ព្រឹកនេះ មល្លិកា​បាន​ទិញ​ផ្លែ​ឈើ​ទៅ​ជូន​អ្នក​ជំងឺ៖
​​«បង​ភ្ញាក់​ហើយ​? នេះ​ខ្ញុំ​ខំ​ទៅ​ទិញ​ផ្លែ​ឈើ​ឱ្យ​បង​ពិសា ក្រែង​មាន​កម្លាំង​ឆាប់​ជា!»
​ចន​ញញឹម​តប​ទៅ​វិញ​៖
«មិន​អី​ទេ! ឱ្យ​តែ​ឃើញ​មុខ​អូន បង​ឆាប់​ជា​ហើយ!»
ធីតា​គ្រាន់​តែ​ឮ​ចន​និយាយ​បែប​នេះ គក់​គេ​ដឹប​ៗ​៖
​«អ៊ីចឹង​ក្រូច​នេះ បង​មិន​បាច់​ញ៉ាំ​ទេ! ទុក​ឱ្យ​ខ្ញុំ គេង​លើ​គ្រែ​ហ្នឹង​មើល​តែ​មុខ​ខ្ញុំ​បាន​ហើយ គឺ​ឆាប់​ឆ្អែត ឆាប់​ជា!»
​«បាន! មើល​ក៏​បាន!» ចន​តប​ទាំង​សម្លឹង​មើល​មុខ​មល្លិកា​មិន​ដាក់​។
​«បង​ឯង​នេះ​ខូច​ណាស់! ឆាប់​ហា​មាត់​​ទៅ នឹង​អាល​ជា​បាន​ចេញ​ពី​ពេទ្យ!»
ចន​មិន​ទុក​យូរ​សួរ​បញ្ជាក់​តែ​ម្តង៖
«នឹង​អាល​រៀបការ​ជាមួយ​បង​មែន​ទេ?»
​កា​ឮ​បែប​នេះ​អៀន​ប្រៀន​។ នាង​តប​វិញ​៖
​«រឿង​នេះ​ខ្ញុំ​ធ្លាប់​ប្រាប់​បង​ហើយ​ថា ចាំ​ខ្ញុំ​ចប់​រៀន​សិន​ចាំ​គិត! ​ឥឡូវ​មាន​តួ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ដែល​មិន​ទាន់​ត្រូវ​គ្នា! ចាំ​ពួក​គាត់​សិន​ ចាំ​យើង​បាន​ទេ?»

និយាយ​ពី​មាណព​កម្សត់​នៅ​អង្គុយ​យាម​វិជ្ជរ៉ា​រហូត ទាំង​មិន​បាន​ដេក​ពួន៖
​«ហេតុអ្វី​នាង​មិន​ព្រម​ដឹង​ខ្លួន? នាង​ឆាប់​ដឹង​ខ្លួន​មក ហើយ​នឹង​អាល​ឆាប់​បាន​មក​ធ្វើ​ជា​ម្តាយ​ចុង​ខ្ញុំ! តប​សម្ដី​ជាមួយ​គ្នា ឮ​ទេ? នាង​នៅ​តែ​មិន​ព្រម​ភ្ញាក់​ដោយ​ស្អប់​មុខ​ខ្ញុំ​មែន​ទេ? ហេតុ​អី​នាង​ចូលចិត្ត​យក​ជីវិត​ទៅ​ប្រថុយ​គ្រោះថ្នាក់​យ៉ាង​នេះ? អ៊ីចឹង នាង​យក​ជីវិត​ទៅ​រង​ខ្លួន​ខ្ញុំ​ធ្វើ​អី? ឱ្យ​តែ​នាង​ដឹង​ខ្លួន ខ្ញុំ​ព្រម​ធ្វើ​អ្វី​គ្រប់​យ៉ាង!» មេត្តា​រៀបរាប់​ទាំង​សោក​ស្តាយ។
តាមពិត ពេល​ដែល​ពួក​ក្មេង​ទាំង​នោះ​ចាប់​មល្លិកា​ទៅ គឺ​ពេល​នាង​ចេញ​ពី​រៀន ចៃដន្យ ចន​កំពុង​ជិះ​ម៉ូតូ​មក​ទាន់​ឃើញ​ក៏​ដេញ​តាម​ពួក​វា ហើយ​ទូរសព្ទ​ហៅ​ប៉ូលិស​មក​ជាមួយ។ ចន​កំពុង​ក្រវែល​រក​ហក់​ទៅ​ជួយ ស្រាប់​តែ​ប៉ះ​នឹង​រ៉ា​ក៏​ជួយ​គ្នា​ពន្យារ​ពេល​ដើម្បី​ប៉ូលិស​មក​ទាន់។ ពួក​គ្នា​វា​បាន​ចេញ​ទៅ ឃើញ​វិជ្ជរ៉ា​ក៏​ហៅ​ឱ្យ​ទៅ​និយាយ​គ្នា​រឿង​យក​លុយ ឯ​ចន​ខំ​លួច​ស្រាយ​ខ្សែ​កា​ចេញ​ជិត​រួច​ទៅ​ហើយ គ្នា​វា​នោះ​ឃើញ​ក៏​បាញ់​ទៅ​លើ​កា​ តែ​ចន​ទៅ​រង។ វិជ្ជរ៉ា​ត្រូវ​ពួក​វា​ចាប់​ពត់​ដៃ​ទៅ​ក្រោយ​ថា យក​ទៅ​ចង ​តែ​ស្រាប់​តែ​ត្រូវ​មួយ​ជើង​ម៉ាំង​របស់​មេត្តា។ ពួក​នោះ​ក្តៅ​ឆេវ ​ចាប់​គ្រវែង​វិជ្ជរ៉ា​ខ្ទាត​ទៅ​ជញ្ជាំង​រោង ហើយ​នាំ​គ្នា​ព្រួត​វាយ​មេត្តា​គ្មាន​បង្អង់​ជើង បាន​វិជ្ជរ៉ា​ស្រែក​ថា​ប៉ូលិស​មក​ហើយ ពួក​វា​ឆ្លៀត​ទាញ​កាំបិត​ចាក់​ទៅ​លើ​មេត្តា តែ​វិជ្ជរ៉ា​រត់​មក​រង។ ឯ​ពួក​ក្មេង​ទាំង​នោះ​ខំ​រត់​ក៏​ត្រូវ​ប៉ូលិស​មក​ចាប់​ក្របួច​បាន​ទាំង​អស់។
ពីរ​ថ្ងៃ​ក្រោយ​ ពេល​រសៀល ទឹក​សមុទ្រ​ចាប់ផ្តើម​មាន​រលក​គគ្រាំ ធ្វើ​ឱ្យ​អ្នក​ទេសចរ​ចេញ​មក​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ។ រ៉ា​កំពុង​ដើរ​លើ​ឆ្នេរ​សុខ​ៗ ក៏​មាន​ជន​ជាតិ​ទាំង​គូ​ៗ​យក​ប៉េងប៉ោង​ផង ផ្កា​ផង​មក​ឱ្យ​នាង​។ នាង​ឆ្ងល់​ហេតុ​អី​គេ​ហុច​ឱ្យ​នាង​ប្លែក​ៗ​ម្ល៉េះ ថែម​និយាយ​ថា «Congratulation​» នាង​ខំ​ប្រកែក​ថា ពួក​លោក​ច្រឡំ​មនុស្ស​ហើយ តែ​គេ​នៅ​តែ​ហុច​ឱ្យ។ ចុង​ក្រោយ ចន និង​មល្លិកា​បាន​ឱ្យ​នាង​ដែរ។
​«ចង់​ធ្វើ​អី​ហ្នឹង?» វិជ្ជរ៉ាឆ្ងល់​។
​«បង​ស្រី! ​បង​ធ្លាប់​ចាំ​សម្តី​ប្អូន​ទេ? បើ​សិន​ជា​គូ ទោះ​ខំ​គេច​ទៅ​ណា​ក៏​នៅ​តែ​ជា​គូ​ដែរ! ឥឡូវ​អូន និង​ចន​មាន​ទំនាក់ទំនង​គ្នា​ហើយ!»
មាណវី​មិន​ទាន់​បាន​និយាយ​ផង ងាក​មក​ឃើញ​មេត្តា​លុត​ជង្គង់​ចំពោះ​នាង ថែម​ទាំង​មាន​ចិញ្ចៀន​មួយ​វង់​ផង៖
«ខ្ញុំ​សុំទោស​វិជ្ជរ៉ា! ​រឿង​កំហុស​គ្រប់​យ៉ាង​មក​ពី​ខ្ញុំ​មិន​ល្អ មាត់​អាក្រក់! តែ​ពេលនេះ ខ្ញុំ​ដឹង​កំហុស​ហើយ រៀបការ​ជាមួយ​ខ្ញុំ​បាន​ទេ? សូម​រ៉ា​ទទួល​ពាក្យ​ខ្ញុំ​ផង!»
យុវតី​ក្រឡេក​មើល​ទៅ​ខាង​ៗ​ឃើញ​មនុស្ស​សុទ្ធ​តែ​​សម្លឹង​មើល​​នាង​គ្រប់​គ្នា ដោយ​ខ្មាស​គេ​ពេក នាង​ឱ្យ​គេ​ក្រោក​ឈរ តែ​គេ​មិន​ព្រម នាង​ក៏​ព្រម​ទទួល​ដោយ​មាន​ភ្ញៀវ​បរទេស​ជា​ច្រើន​ជួយ​ទះ​ដៃ​អបអរសាទរ។ ទឹក​ភ្នែក​នារី​កម្សត់​ហូរ​ច្រាល​មក​ដោយ​រក​ពាក្យ​ថា​មិន​ត្រូវ។ មេត្តា​ជូត​ទឹក​ភ្នែក​ឱ្យ  ហើយ​លើក​នាង​ដោយ​ក្តី​រំភើប…។
​«ខ្ញុំ​ជោគជ័យ​ហើយ! រ៉ា​ព្រម​ធ្វើ​ជា​ប្រពន្ធ​ខ្ញុំ​ហើយ! ជយោ!!»
​«នែ! ល្មម​ដាក់​ខ្ញុំ​ចុះ​ហើយ! ខ្ញុំ​ខ្មាស​គេ ឮ​ទេ?»
​«ទេ! មិន​ព្រម​ដាក់​ចុះ​ទេ​​ បី​រហូត…»
មេត្តា​បី​រ៉ា​រត់​លេង​លើ​ឆ្នេរ​ខ្សាច់។ ​ចំណែក​ចន​ក៏​សម្លឹង​មើល​​កា​ដូច​គ្នា ពួក​គេ​រីករាយ​ក្នុង​ចិត្ត​ដែល​បាន​ឃើញ​គេ​សប្បាយ​រីករាយ។
គូ​ស្នេហ៍​ទាំង​ពីរ​គូ​រីករាយ​ជា​ខ្លាំង។ ថ្ងៃ​រៀបការ​បាន​មក​ដល់ លោក​វិមាន​បាន​រៀបចំ​យ៉ាង​អធិកអធម​ គូ​ស្នេហ៍​ទាំង​ពីរ​សុទ្ធ​តែ​ស្អាត​ៗ​សម​គ្នា​ទាំង​អស់ ធ្វើ​ឱ្យ​ភ្ញៀវ​មក​ចូលរួម​សរសើរ​មិន​ដាច់​ពី​មាត់ ខ្លះ​សរសើរ​ខាង​កូន​ក្រមុំ ខ្លះ​ខាង​កូន​កំលោះ។
រៀបការ​រួច វិជ្ជរ៉ា​កំពុង​កាន់​សៀវភៅ​អាន​នៅ​ខ្ចុស​​ ភ្នែក​សម្លឹង​មើល​ចន្ទ្រ ​ស្រាប់​តែ​មេត្តា​មក​ដល់​អង្គុយ​ក្បែរ​ភរិយា​ថើប​ប្រពន្ធ​មួយ​ខ្សឺត៖
«អូន​កំពុង​ធ្វើ​អ្វី​ហ្នឹង?»
«អូន​អាន​សៀវភៅ​រឿង!»
«វិជ្ជរ៉ា​រឿង​ទាំង​ប៉ុន្មាន អូន​ត្រូវ​បំភ្លេច​ចោល​ឱ្យ​អស់! កុំ​នៅ​នឹក​នា​ទៀត​ធ្វើ​អី! បង​នឹង​នៅ​ជា​បង្អែក​សម្រាប់​អូន​ជានិច្ច​ត​ទៅ​ឮ​ទេ​? បង​នឹង​បង្កើត​ទី​កុមារ​កំព្រា​នៅ​ទី​នេះ​មួយ និង​សង់​ផ្ទះ​មួយ​នៅ​មាត់​សមុទ្រ​មួយ​ដែរ​ដើម្បី​គ្រួសារ​យើង! តែ​អូន​ត្រូវ​សន្យា​ជាមួយ​បង​ថា​ធ្វើ​ជា​ម្ចាស់​បេះដូង​បង និង​ម្ចាស់​ចម្ការ​កៅស៊ូ​នេះ​ជា​រៀង​រហូត​បាន​អត់?»​
«ចាស៎! អូន​នឹង​ធ្វើ​ម្ចាស់​ចម្ការ​កៅស៊ូ​​នេះ​ត​ទៅ តែ​រឿង​ម្ចាស់​បេះដូង​ អូន​មិន​សន្យា​ទេ វា​អាស្រ័យ​លើ​​បង​ស្មោះ​អូន​រហូត​ឬ​ក៏​អត់!?» ​រ៉ា​ឆ្លើយ​ទាំង​ញញឹម​។
​«ម៉េច​ចង់​ទៅ​ចោល​បង​ធ្វើ​ម៉ាក់​ចុង​គេ​អ្ហ៎!»​
​មាណវី​សើច​ស្រស់​៖
«ចាស៎! អូន​និយាយ​លេង​ទេ! អូន​នឹង​ធ្វើ​ម្ចាស់​បេះដូង​បង​តែ​ម្នាក់!»
​«ថ្ងៃ​ក្រោយ ឈប់​ឌឺ​បង​ទៀត​ណា៎ មិន​អ៊ីចឹង​ទេ…​»
​«មិន​អ៊ីចឹង​ទេ​យ៉ាង​ម៉េច?»
​«គឺ​យ៉ាង​នេះ​ហើយ» ​មេត្តា​បី​ភរិយា​វឹង​។
​«បង​មេត្តា​លែង​អូន​ណា៎!!» ​ធីតា​គក់​ទ្រូង​គេ​ដឹប​ៗ។
​«មិន​លែង​ទេ!»
គេ​បី​នាង​ទៅ​ក្នុង​ផ្ទះ ធ្វើ​ឱ្យ​មាណវី​ស្រែក​យ៉ៃ។ មេត្តា និង​វិជ្ជរ៉ា​មាន​សេចក្តី​សុខ​យ៉ាង​ខ្លាំង។ ខ្យល់​ត្រជាក់​ពេល​យប់ ធ្វើ​ឱ្យ​រងា​ដល់​អង្គ​ប្រាណ​មនុស្ស​គ្រប់​គ្នា។ ពួកគេ​គ្រប់​គ្នា​នាំ​គ្នា​គេង​លក់​ស្កប់​ស្កល់ ឮ​តែ​សំឡេង​ខ្យល់​រាត្រី​​បក់​ត្រសៀក​ៗ៕
ចប់​

No comments

Powered by Blogger.